បកស័ក្តិខ្លួនឯង បើបង្ក្រាបក្រុមចោរប្លន់មិនបាន
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមាន ដល់ស្នងការនគរបាល ខេត្តបាត់ដំបង ខេត្តពោធិសាត់ និងខេត្តកណ្តាល ឲ្យត្រៀមបកស័ក្តិខ្លួនឯង បើសិនមិនអាចតាមបង្ក្រាប និងតាមចាប់ក្រុមចោរប្លន់ប្រដាប់អាវុធ មិនទទួលជោគជ័យនោះទេ។
ការព្រមានរបស់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីប្រកាសសមាសភាព គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
នៅចំពោះមុខមន្រ្តីនគរបាលជាន់ខ្ពស់ និងស្នងការនគរបាលរាជធានី ខេត្ត សម្តេចក្រឡាហោម ស ខេង បានលើកឡើងពីករណីប្លន់ប្រដាប់អាវុធ ដែលបានកើតឡើងនារយ:ពេលប៉ុន្មានថ្ងៃនេះ នៅខេត្តបាត់ដំបង ខេត្តពោធិសាត់ និងខេត្តកណ្តាល ហើយក្រៅពីកម្លាំងនគរបាល តាមខេត្តទាំងនេះ ស្នងការនគរបាល ខេត្តផ្សេងទៀត ក៏ត្រូវយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង លើការបង្ក្រាបបទល្មើសប្លន់ទាំងនេះ ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ស្នងការបាត់ដំបង ពោធិសាត់ និងខេត្តកណ្ដាល រឿងប្លន់រកអោយឃើញ និងបង្ក្រាបឲ្យបាន ហើយបើបង្ក្រាបមិនបានទេ បកស័ក្ដិខ្លួនឯង កំុចាំលោកបកអោយ ហើយតាមខេត្តផ្សេងៗក៏យកចិត្តទុកដាក់ផងដែរ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ នៅក្នុងពិធីផ្សព្វផ្សាយ ការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន យកចិត្តទុកដាក់បង្កើនការវាយបង្រ្កាប ក្រុមចោរប្រដាប់អាវុធ ដែលធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋ យ៉ាងសាហាវនាពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមឱ្យគ្រប់ទីកន្លែងទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងវ៉ៃបង្រ្កាបពួកឧក្រិដ្ឋជន ប្លន់ប្រដាប់អាវុធនេះ ព្រោះក្រុមនេះ គឺជាក្រុមគ្មានសាសនាណាទាំងអស់ ព្រោះគ្មានសាសនាណាប្រដៅឱ្យពួកនេះ ប្រព្រឹត្តអំពើលួចប្លន់នោះទេ អញ្ជឹងសុំក្រៅពីអាជ្ញាធរថ្នាក់ជាតិ កម្លាំងប្រដាប់អាវុធ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទាំងអស់ បង្កើននូវការប្រុងប្រយ័ត្ន ហើយបើកប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្រ្កាបចំពោះអំពើ ប្លន់ប្រដាប់អាវុធ និងក្រុមជនឃោរឃៅ»។
កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅ ក្រុមចោរប្រដាប់អាវុធ បានធ្វើការប្លន់អាជីវករ លក់គ្រឿងអាលង្ការ និងទីតាំងកន្លែងផ្ទេរប្រាក់ Wing ចំនួន៣កន្លែងទៅប្រទេសកម្ពុជា ក្នុងនោះមានខេត្តបាត់ដំបង ពោធិ៍សាត់ និងកណ្តាលជាដើម។ ក្រោយមានករណីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានរបាយការណ៍មួយចំនួន រាយការណ៍ថា ក្រុមចោរទាំងនោះ មានអ្នកខ្លះមុខដដែលៗ ដែលធ្លាប់ជាប់ពន្ធនាគាររួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងយុត្តិធម៌ ពិនិត្យឱ្យបានល្អិតល្អន់ ចំពោះការលើកលែងទោសឱ្យទណ្ឌិត នៅក្នុងពន្ធនាគារ។ សម្តេចថា បើសិនជាទណ្ឌិតនោះ ជាចោរប្លន់ប្រដាប់អាវុធនោះសម្តេចនឹងមិនស៊ីញ៉េ ស្នើឱ្យលើកលែងទោសនោះទេ ហើយស្នើកុំឱ្យក្រសួងយុត្តិធម៌ ដាក់បញ្ចូលឈ្មោះ ទណ្ឌិតដែលជាចោរប្លន់ ដើម្បីឱ្យសម្តេច ជួយស្នើលើកលែងទោស។
ជាការកត់សម្គាល់នៅក្នុងករណីចោរប្លន់ ដ៏កក្រើតនៅ៣ខេត្ត នាពេលថ្មីៗនេះ មានតែខេត្តបាត់ដំបងមួយទេ ដែលដេញបង្ក្រាបចាប់ បានជនសង្ស័យ២នាក់ និងដកហូតកាំភ្លើង ម៉ូតូបានមួយចំនួនមកវិញ៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment