អ្នក​នាង​ គឹ​ម សុ​គ​ន្ធា បាត់​មុខ​យូរ​ដោយសារ​ ខ្មាស​ទស្សនិកជន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​គឹ​ម សុ​គ​ន្ធា បាត់​មុខជា​យូរ​មក​ហើយ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​លាឈប់​ពី​អាជីព​សិល្បៈ​ទៅ​ហើយ ។ តារាចម្រៀង​មនោសញ្ចេតនា​សុ​គ​ន្ធា​បញ្ជាក់​ថា ការ​បាត់​មុខ​នាង​ដោយ​សារ​ទម្ងន់​ខ្លួន​ឡើង ស្រឺ​ត​ៗ​នាំ​ឱ្យ​នាង​ខ្មាស​អៀន​ទស្សនិកជន ។

ថ្មី​ៗ​កន្លង​មក តារាចម្រៀង​គឹ​ម សុ​គ​ន្ធា បាន​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ថ្មី​ជាមួយនឹង​វត្តមាន​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌ «​ពេលវេលា​ដែល​ត្រូវ​តបស្នង » ។ ការ​បកស្រាយ​បទ​ចម្រៀង «​ថ្ងៃ​លិច​អូន​ស្រណោះ​» របស់​អ្នក​នាង​សុ​គ​ន្ធា ក្នុង​កម្មវិធី​នេះ​នៅ​តែ​ពីរោះ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទប់​មិន​សរសើរ​មិន​បាន ។
ថ្លែងប្រាប់​ដោយ​សម្តីពីរោះ​ស្រទន់ អ្នក​នាង​គឹ​ម សុ​គ​ន្ធា ឱ្យ​ដឹង​ថា អស់​រយៈពេល​ជា​យូរហើយ​ដែល​នាង​បាត់​មុខ​ពី​ពិភព​សិល្បៈ គឺ​ស្ទើរតែ​គ្មាន​សោះ​។ យូរ​ៗ​ម្តង​នាង​ច្រៀង​សម្រាប់​តែ​ផលិតកម្ម​ក្រៅ​ស្រុក​ប៉ុណ្ណោះ គឺ​ផលិតកម្ម​បុប្ផា ។ មូលហេតុ​នៅ​ពីក្រោយ​ការ​បាត់​មុខ​នេះ ព្រោះតែ​ទម្ងន់​ខ្លួន​របស់​អ្នក​នាង​សុ​គ​ន្ធា​បាន​ឡើង​ខ្លាំង​រហូត​ដល់​ពេល​ខ្លះ​នាង​មាន​អារម្មណ៍​អៀនខ្មាស បើ​ទោះបីជា​អាជីព​ចម្រៀង​មិន​ត្រូវការ​រូបសម្បត្តិ​ជា​សំខាន់​ក្តី​។ គ្រា​ចូល​សិល្បៈ​ដំបូង​អ្នក​នាង​គ​ន្ធា​មាន​ទម្ងន់​ត្រឹម​៤៦​គីឡូក្រាម​ប៉ុណ្ណោះ ពេល​នេះ​ឡើង​ទម្ងន់​រហូត​ដល់​៧៦​គីឡូក្រាម ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ខ្មាស​អៀន​និង​ខ្លាច​កាមេរ៉ា ។ ការ​ឡើង​ទម្ងន់​កាន់តែ​ច្រើន​នេះ​បណ្តាល​មក​ពី​អ្នក​នាង​សុ​គ​ន្ធា​ឆ្លងកាត់​ការ​វះកាត់​សម្រាលកូន​និង​ទទួលទាន​អាហារ​លើស​កំណត់ ។
ទោះជា​យ៉ាងណា​ក្តី តារាចម្រៀង​រូប​នេះ​បាន​ប្រកាស​ថា នឹង​ចាប់ផ្តើម​អាជីព​សិល្បៈ​ជា​ថ្មី​បូក​រួម​ទាំង​ច្រៀង​តាម​ទូរទស្សន៍ ពិធី​មង្គលការ​និង​ពិធី ផ្សេង​ៗ ។ ទន្ទឹម​គ្នា​នេះ​អ្នក​នាង​សុ​គ​ន្ធា​ដាក់​កំណត់​ចំពោះ​ការ​ទទួលទាន​អាហារ និង​សម្រក​ទម្ងន់​ឲ្យ​បាន​ក្រោម​នេះ​បន្តិច ។
អ្នក​នាង​គឹ​ម សុ​គ​ន្ធា​រំពឹង​ថា ការ​ចូល​ប្រឡូក​ពេញទំហឹង​ជា​ថ្មី​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​ដូច​គ្រា​មុន​ដែរ ។
អ្នក​នាង​គឹ​ម សុ​គ​ន្ធា បញ្ជាក់​ថា បច្ចុប្បន្ន​នាង​នៅ​មិន​ទាន់​មាន​ស្វាមី​ថ្មី​នៅឡើយ​ទេ បើ​ទោះបីជា​នាង​បាន​ចែកផ្លូវ​គ្នា​ដើរ​ជាមួយ​អតីត​ស្វាមី​ដែល​ជា​គ្រូបង្រៀន​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ក្តី ។ បច្ចុប្បន្ន កូនប្រុស​ម្នាក់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​នាង​សុ​គ​ន្ធា ៕
Share on Google Plus

About usee

    Blogger Comment
    Facebook Comment

0 comments:

Post a Comment